MC និងការស្លៀកពាក់
- khimnathymon
- Apr 27, 2020
- 1 min read
Updated: Oct 21, 2020
MC និងការស្លៀកពាក់
តើ MC ត្រូវស្លៀកពាក់ដូចម្តេច? ចម្លើយដ៏ងាយស្រួលឆ្លើយបំផុតសម្រាប់សំណួរនេះគឺ MC ត្រូវស្លៀកពាក់ឱ្យបានស្អាតជាងគេនៅក្នុងកម្មវិធីទាំងមូល។
ការជ្រើសរើសសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវសម្រាប់ការស្លៀកពាក់ចូលរួមកម្មវិធីក្នុងនាមជា MC ជារឿងមួយដ៏សំខាន់ដែលអ្នកត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ព្រោះទស្សនិកជននឹងចាប់អារម្មណ៍មកលើអ្នកច្រើនជាងនរណាៗទាំងអស់នៅក្នុងថ្ងៃកម្មវិធី។ ប្រសិនបើអ្នកស្លៀកមិនសមរម្យ ឬខុសប្លែកពីគេខ្លាំងពេក វានឹងធ្វើឱ្យមានគំលាតកាន់តែឆ្ងាយរវាងអ្នកនឹងទស្សនិកជនទាំងមូល។
តើជ្រើសរើសសម្លៀកបំពាក់បែបណាទើបសាកសម? ខាងក្រោយនេះគឺជាការបង្ហាញអំពីវិធីជ្រើសរើសសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវតាមកម្មវិធីដែលអ្នកចូលរួមធ្វើជា MC។
កម្មវិធីសិក្ខាសាលាបែបអាជីវកម្ម និងចំណេះដឹងទូទៅ
នៅក្នុងការរៀបចំខ្លួនដើម្បីចូលរួមកម្មវិធីបែបនេះ អ្នកត្រូវស្លៀកពាក់ឱ្យត្រូវជាមួយនឹងកម្មវិធី គឺស្លៀកពាក់បែបអ្នកធ្វើជំនួញ។
សម្រាប់បុរសត្រូវស្លៀកខោខ្មៅ ទឹកប៊ិចចាស់ ពណ៌កាកអំពៅ ឬពណ៌ផ្សេងទៀតដែលមិនមានភាពឆើតឆាយពេក ជាមួយនឹងអាវពណ៌សនៅខាងក្នុង និងអាវធំដែលមានពណ៌ដូចខោ បូករួមជាមួយនឹងក្រវ៉ាត់ក ខ្សែក្រវ៉ាត់ និងស្បែកជើងប៊ូ។ ការជ្រើសរើសពណ៌របស់ខ្សែក្រវ៉ាត់ត្រូវតែស៊ីគ្នាជាមួយនឹងពណ៌របស់ស្បែកជើង ព្រោះនេះគឺជាក្បួននៃការជ្រើសរើសពណ៌ដែលក្រុមអ្នកបង្ហាញម៉ូតបែកលោកខាងលិចបានចែករំលែកទៅកាន់មនុស្សទូទាំងពិភពលោក។ សម្រាប់បុរសមិនមានភាពលំបាកពេកទេក្នុងការតុបតែងខ្លួន ដោយសារតែពួកគាត់មិនពិបាកក្នុងការតុបតែងមុខ និងធ្វើសក់ដូចនារីនោះទេ។
សម្រាប់នារីអាចស្លៀកខោជើងវែង ឬសំពត់ដែលមានប្រវែងល្មម ហើយមិនត្រូវខ្លីពេកនោះទេ។ សម្រាប់ការជ្រើសរើសពណ៌ អ្នកអាចមើលក្នុងការរៀបរាប់ខាងលើ។ នារីក៏អាចពាក់ក្រវ៉ាត់កដូចបុរសដែរ ក៏ប៉ុន្តែអ្នកត្រូវតែមើលទម្រង់មុខខ្លួនឯងសិនថាតើវាសាកសមដែរឬទេ បើមិនសមទេ អ្នកគួរជ្រើសរើសយកបូសម្រាប់ពាក់នឹងក ទើបល្អជាង។
កម្មវិធីសិក្ខាសាលាទាក់ទងនឹងសាសនា
សម្រាប់កម្មវិធីបែបសាសនា បុរស នារី ត្រូវប្រុងប្រយ័ត្នក្នុងការជ្រើសរើសពណ៌សម្លៀកបំពាក់ បើពុំដូច្នោះទេ អ្នកនឹងបង្ហាញពីការមិនយកចិត្តទុកដាក់ក្នុងការរៀបចំខ្លួន ហើយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នករៀបចំកម្មវិធី និងអ្នកចូលរួមផងដែរ។
ចំពោះកម្មវិធីសិក្ខាសាលាទាក់ទងនឹងសាសនា បុរសអាចស្លៀកពាក់ដូចជាការចូលរួមក្នុងកម្មវិធីសិក្ខាសាលាបែបជំនួញបាន ដោយមានខោខ្មៅ ឬពណ៌ចាស់ អាវសខាងក្នុង អាវធំ ក្រវ៉ាត់ក ខ្សែក្រវ៉ាត់ និងស្បែកជើងប៊ូ។ សម្លៀកបំពាក់បែបនេះសម្រាប់បុរសពិតជាសមរម្យ និងមានភាពលេចធ្លោជាទីបំផុត។
ប៉ុន្តែសម្រាប់នារី សម្លៀកបំពាក់ដែលសាកសមបំផុតសម្រាប់កម្មវិធីបែបសាសនានេះគឺ សម្លៀកបំពាក់ប្រពៃណីខ្មែរ។ ចំពោះអាវ នារីគួរជ្រើសរើសពណ៌ស រីឯសំពត់ នារីអាចជ្រើសរើសពណ៌ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ឬស្លៀកឱ្យត្រូវទៅតាមពណ៌របស់ថ្ងៃដែលប្រារព្ធកម្មវិធី។
ឧទាហរណ៍៖
ថ្ងៃច័ន្ទ ត្រូវនឹង ពណ៌លឿងទុំ
ថ្ងៃអង្គារ ត្រូវនឹង ពណ៌ស្វាយ
ថ្ងៃពុធ ត្រូវនឹង ពណ៌ស៊ីលៀប
ថ្ងៃព្រហស្បត្តិ៍ ត្រូវនឹង ពណ៌បៃតង
ថ្ងៃសុក្រ ត្រូវនឹង ពណ៌ខៀវ
ថ្ងៃសៅរ៍ ត្រូវនឹង ពណ៌ខ្មៅ ពណ៌និល ពណ៌គ្រាប់អំពិល
ថ្ងៃអាទិត្យ ត្រូវនឹង ពណ៌ក្រហម។

កម្មវិធីទាក់ទងនឹងប្រពៃណី
បុរសគួរជ្រើសរើសសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដូចជាអាវសូត្រ ជាមួយខោពណ៌រៀងកាកអំពៅ ឬចងក្បិនជាដើម។
សម្រាប់នារីវិញ អ្នកត្រូវស្លៀកពាក់សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ហើយអ្នកអាចជ្រើសរើពណ៌របស់សម្លៀកបំពាក់តាមចំណង់ចំណូលចិត្តរបស់អ្នក។
ពណ៌របស់ Brand
កម្មវិធីខ្លះមានការឧបត្ថមផ្តាច់មុខដោយក្រុមហ៊ុនណាមួយដែលក្រុមហ៊ុននោះមានរូបសញ្ញាសម្គាល់របស់ខ្លួន ឬក៏កម្មវិធីដែលអ្នកនឹងទៅចូលរួមនោះមានពណ៌ពិសេសដំណាងឱ្យកម្មវិធីរបស់គេផ្ទាល់។ ដូច្នេះ អ្នកត្រូវជ្រើសរើសសម្លៀកបំពាក់ណាដែលមានពណ៌ស៊ីគ្នាជាមួយនឹងរូបសញ្ញាសម្គាល់ក្រុហ៊ុននោះ ឬក៏ពណ៌របស់កម្មវិធីទើបជាការល្អប្រសើរ។
នៅពេលដែលអ្នកជ្រើសរើសសម្លៀកបំពាក់ និងពណ៌បានត្រឹមត្រូវ អ្នកនឹងអាចឆក់យកបេះដូងរបស់ទស្សនិកជនឱ្យមកគាំទ្រអ្នកបានកាន់តែខ្លាំងឡើង ព្រោះភាពទាក់ទាញរបស់ MC មិនមែនត្រឹមតែសមត្ថភាពប៉ុណ្ណោះទេ គឺត្រូវបូករួមជាមួយការតុបតែងខ្លួនផងដែរ ដែលជាកត្តាជំរុញឱ្យអ្នកមានភាពលេចធ្លោឡើង។
ដកស្រង់ចេញពីសៀវភៅ អ្នកអាចក្លាយជា MC ឆ្នើម ដែលនិពន្ធដោយកញ្ញា ឃឹម ណាត់ធីម៉ុន
សម្រាប់ទំនាក់ទំនងបន្ថែម 069 232 258
Comments