MC និងតួនាទីសំខាន់ៗ
- khimnathymon
- Apr 27, 2020
- 1 min read
Updated: Dec 21, 2020
ឈានមកដល់ក្នុងមេរៀននេះ អ្នកក៏កាន់តែឈានជើងចូលមកដល់ជំនាញដែលអ្នកកំពុងតែទន្ទឹងរង់ចាំនេះផ្ទាល់។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាឱ្យកាន់តែស៊ីជម្រៅអំពីតួនាទីរបស់អ្នកនៅក្នុងអាជីពជា MC។
MC មិនមែនគ្រាន់តែតុបតែងខ្លួនឱ្យស្អាត គ្រាន់តែមានរបៀបវារៈកម្មវិធី ហើយចាំតែមកបង្ហាញខ្លួននៅក្នុងថ្ងៃកម្មវិធីតែម្តងនោះទេ។ តាមពិតទៅ MC ក៏ត្រូវមកមុនកម្មវិធីមួយថ្ងៃ ដើម្បីឱ្យស៊ាំជាមួយនឹងឆាក និងត្រូវសង្កេតមើលពីរបៀបនៃការរៀបចំពីកម្មវិធីមួយទៅកម្មវិធីមួយផងដែរ។

· ត្រៀមចិត្ត៖ ការត្រៀមផ្នែកផ្លូវចិត្តគឺជារឿងដែលសំខាន់ខ្លាំងណាស់ក្នុងអាជីព MC បើពុំដូច្នោះទេអ្នកនឹងមានភាពភ័យខ្លាចចំពោះការនិយាយជាសាធារណៈដោយខ្លាចនិយាយខុស ខ្លាចនិយាយមិនទាក់ទាញ ខ្លាចមានសម្ពាធដោយសារការផ្លាស់ប្តូរផ្សេងៗ។ ចូរតាំងចិត្តធ្វើឱ្យបានល្អនៅក្នុងថ្ងៃកម្មវិធីនីមួយៗ។ អ្នកត្រូវកំណត់ខ្លួនឯងឱ្យចូលក្រុមមនុស្ស១០% នៃវិស័យរបស់អ្នក ឬហៅម្យ៉ាងទៀតថា Top 10។ នៅពេលដែលអ្នកក្លាយជាកំពូលមនុស្ស ១០ភាគរយនៃអាជីពរបស់អ្នក អ្នកនឹងមានភាពរីករាយខ្លាំងបំផុត និងមានមោទកភាពចំពោះខ្លួនឯងខ្លាំងបំផុតផងដែរ។ ការបង្កើតគោលដៅនៃភាពជោគជ័យឱ្យខ្លួនឯងនេះ គឺជាការជម្រុញខ្លួនឯងឱ្យឆ្ពោះទៅរកឧត្តមភាពកាន់តែខ្លាំងផងដែរ។ ក៏ប៉ុន្តែ អ្វីគ្រប់យ៉ាងវាកើតឡើងចេញពីចំនុចសូន្យ។ ដូច្នេះ ប្រសិនបើអ្នកធ្វើមិនបានល្អនៅក្នុងដំណាក់កាលដំបូង អ្នកមិនត្រូវបាក់ទឹកចិត្ត ហើយបន្ទោសខ្លួនឯងជាដាច់ខាត ព្រោះការទម្លាប់បន្ទោសខ្លួនឯងនេះ គឺជាទម្លាប់របស់មនុស្សបរាជ័យប៉ុណ្នោះ។ ដូច្នេះ អ្នកត្រូវតែមានភាពវិជ្ជមាន ហើយឆ្ពោះទៅមុខជានិច្ច។
· ត្រៀមកាយ៖ មុនថ្ងៃកម្មវិធី អ្នកត្រូវថែរក្សាសុខភាពឱ្យបានល្អ ដូចជាជាសវៀងនូវការបរិភោគរបស់ដែលមានរស់ជាតិហិរខ្លាំង ជូរខ្លាំង ផ្អែមខ្លាំង និងទឹកកកជាដើម។ អ្នកត្រូវត្រៀមខ្លួនទាក់ទងជាមួយនឹងសម្លេងឱ្យបានល្អ ព្រោះសម្លេងរបស់អ្នក គឺជាឥទ្ធិពលរបស់អ្នកនៅក្នុងថ្ងៃកម្មវិធីផ្ទាល់។ ជាមួយគ្នានោះ អ្នកក៏ត្រូវយកចិត្តទុកដាក់លើលក្ខណៈសម្បត្តិរបស់ខ្លួនឯងផ្ទាល់ផងដែរដូចជា ពណ៌សក់ ក្រចក ធ្មេញ ភ្នែក សម្លៀកបំពាក់ -ល-។

· ត្រៀមសម្ភារៈ៖ អ្នកត្រូវត្រៀមរបស់ទាំងអស់នេះមុននឹងកម្មវិធីចាប់ផ្តើម ដែលរបស់ទាំងអស់នោះមានដូចជា ប្រធានបទកម្មវិធី រយៈពេលកម្មវិធី ពត៌មានលំអិតអំពីកម្មវិធី និងអ្នកចូលរួម ត្រូវមានប៊ិច ក្រដាសតូចល្មមសម្រាប់សរសេរព័ត៌មានផ្សេងៗ ត្រូវមាននាឡិកាសម្រាប់មើលម៉ោង និងមានស្ករគ្រាប់ហិរៗ ដើម្បីកុំឱ្យស្អាក។ ជាមួយគ្នានោះដែរ ប្រសិនបើអ្នកមានដៃគូនៅក្នុងកម្មវិធី អ្នកក៏ត្រូវជួបនឹងដៃគូរបស់អ្នកក្នុងការហាត់សមជាមុនផងដែរ។
ស្គាល់ប្រភេទកម្មវិធីរបស់អ្នក៖ ដូចជាចំនុចមុនផងដែរ អ្នកត្រូវស្គាល់ប្រភេទនៃកម្មវិធីដែលអ្នកកាន់ ស្គាល់ឈ្មោះគណៈអធិបតីចូលរួម ហើយត្រូវទន្ទេញឈ្មោះរបស់កម្មវិធី ឈ្មោះរបស់គណៈអធិបតី ឈ្មោះរបស់វាគ្មិន និងប្រធានបទរបស់វាគ្មិនឱ្យចាំ។ កំហុសដ៏ធំបំផុតដែល MC អាចមានគឺ ការហៅឈ្មោះនរណាម្នាក់ខុស ឬហៅចំណងជើង ឬប្រធានបទមិនច្បាស់លាស់ ដែលនេះជាការប្រមាថដល់កម្មវិធីទាំងមូល និងបង្ហាញពីភាពខ្ជះខ្ជាយក្នុងអាជីពរបស់ខ្លួនផងដែរ។
ដកស្រង់ចេញពីសៀវភៅ ជំនាញ ពិធីករ-ពិធីការិនី ដ៏ជោគជ័យក្នុងមួយប៉ព្រិចភ្នែក ដែលនិពន្ធដោយកញ្ញា ឃឹម ណាត់ធីម៉ុន។
សម្រាប់ទំនាក់ទំនងបន្ថែម 069 232 258
Comments