គោលការណ៍៤ចំនុចដើម្បីឈានទៅចាប់ជំនាញ MC
- Apr 27, 2020
- 1 min read
Updated: Oct 21, 2020
១ ស្មោះត្រង់នឹងខ្លួនឯង
ភាពស្មោះត្រង់ត្រូវតែជាចំនុចសំខាន់បំផុតនៃភាពជោគជ័យ។ នៅពេលដែលអ្នកលឺពាក្យថាស្មោះត្រង់ អ្នកតែងសម្តៅទៅលើតែការស្មោះត្រង់ជាមួយអ្នកដទៃ។ តែភាពស្មោះត្រង់ជាមួយនឹងអ្នកដទៃអាចសម្តែងចេញទៅបាន លុះត្រាណាតែអ្នកបានបង្ហាញនូវភាពស្មោះត្រង់ចំពោះខ្លួនឯងជាមុនសិន។ ភាពស្មោះត្រង់នៅទីនេះ សម្តៅលើការមិនក្បត់នូវគោលដៅរបស់ខ្លួន ក្នុងនាមជាអ្នកចាប់យកជំនាញ MC នេះ។ អ្នកត្រូវតែស្មោះត្រង់នឹងខ្លួនឯងទៅគ្រប់ចំនុច តែខ្ញុំសូមលើកយកតែបីចំនុចមករៀបរាប់ដូចជា អ្នកត្រូវតែមានភាពល្បីល្បាញទៅតាមក្តីប្រាថ្នារបស់ខ្លួន អ្នកត្រូវតែសាងប្រាក់ចំណូលជាច្រើនទៅតាមផែនការរបស់ខ្លួន អ្នកត្រូវតែពេញចិត្តនូវសមត្ថភាពដ៏រីកចម្រើនរបស់ខ្លួន។ ការសន្យាចំពោះខ្លួនឯងថានឹងសម្រេចអ្វីមួយឱ្យបាន គឺជាការបង្កើតនូវពាក្យសច្ចៈសម្រាប់ជីវិតខ្លួនឯង។ បើអ្នកបានសន្យានូវពាក្យទាំងអស់ខាងលើហើយ អ្នកក៏ត្រូវតែសម្រេចវាឱ្យបានផងដែរ។ អ្នកជាអ្នកនិយាយ អ្នកជាអ្នកចងចាំ។ បើអ្នកធ្វើវាមិនបាន ដោយសារមិនបានធ្វើ នោះអ្នកនឹងមានឈ្មោះថា ក្បត់ខ្លួនឯង។ មនុស្សទូទៅគេមិនខ្វល់ថាអ្នកបានសន្យាអ្វីខ្លះចំពោះខ្លួនអ្នកនោះទេ តែមនុស្សទូទៅខ្វល់ពីអ្នក អបអរសាទរចំពោះអ្នក នៅពេលដែលអ្នកទទួលបាននូវជ័យជំនះលើផ្នែកណាមួយនៃអាជីពរបស់អ្នកតែប៉ុន្នោះ។ ដូច្នេះ អ្នកត្រូវមានភាពស្មោះត្រង់នឹងខ្លួនឯង។

២. មានបុគ្គលគំរូក្នុងជីវិត
តើនរណាទៅដែលសាកសមបំផុតដើម្បីអ្នកយកមកធ្វើជាបុគ្គលគម្រូ? តើអ្នកត្រូវរៀនសូត្រអ្វីខ្លះពីពួកគេ?
បុគ្គលដែលអ្នកត្រូវយកមកធ្វើជាគម្រូត្រូវតែជាបុគ្គលវិជ្ជមាន ស្វាហាប់ មានការតស៊ូ តែងតែជំនះឧបសគ្គ និងត្រូវមានទស្សនៈអប់រំល្អៗ។
៣. ផ្តោតតែលើរឿងណាដែលអ្នកអាចធ្វើបាន
“រូបភាពមួយសន្លឹក អាចបកស្រាយបានរយលានអត្ថន័យ”។ គំនិតរបស់អ្នកពិតជាមានអានុភាពខ្លាំងណាស់ចំពោះមហិច្ឆតានៃភាពជោគជ័យរបស់អ្នក។ ដូច្នេះ អ្នកត្រូវតែផ្តោតចិត្តទៅលើតែរបស់ដែលអ្នកចង់បានតែប៉ុណ្ណោះ។ អ្នកត្រូវស្រមៃឱ្យឃើញនូវរូបរបស់អ្នកផ្ទាល់ដែលកំពុងឈរនៅកន្លែងដែលអ្នកចង់ឈរ មានអ្វីដែលអ្នកចង់បាន រស់នៅជាមួយមនុស្សដែលខ្លួនចង់រស់នៅជាមួយ ហើយស្រមៃឱ្យឃើញនូវអ្វីៗគ្រប់បែបយ៉ាងដែលខ្លួនចង់បាន។ ដើម្បីសម្រេចបានជោគជ័យ ខ្ញុំសូមជម្រាបជូនថា មានតែការស្រមៃឃើញខ្លួនឯងជោគជ័យហើយប៉ុណ្ណោះ ទើបអ្នកអាចបន្តទៅមុខមួយហ៊ានៗទៀតបបាន ព្រោះរូបភាពដែលអ្នកស្រមៃឃើញនេះហើយ គឺជាផ្លង់នៃការសាងសង់ជីវិតរបស់អ្នកនៅថ្ងៃមុខ ដែលវាប្រៀបបានទៅនឹងការសាងសង់អាគារមួយដ៏ធំស្កឹមស្កៃ។ ជាដំបូងគេត្រូវមានផ្លង់គំរូ ដែលគូរដោយអ្នកគូរផ្លង់ជំនាញជាមុនសិន បន្ទាប់មកវិស្វករនឹងវិភាគទៅលើទិន្នន័យផ្សេងៗនៃវត្ថុធាតុដើម ដែលចាំបាច់សម្រាប់ការសាងសង់នោះ។ បន្ទាប់មកទៀត កម្មករសំណង់ត្រូវធ្វើការយ៉ាងអំណត់ដើម្បីសាងសង់អាគារដ៏ធំស្កឹមស្កៃនោះឱ្យបានសម្រេចជាសម្មិទ្ធផល។ ដូចគ្នាដែរ បន្ទាប់ពីអ្នកមានរូបភាពនៃភាពជោគជ័យដែលអ្នកចង់បានហើយ អ្នកក៏ត្រូវមានភាពជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនថា អ្នកប្រាកដជាអាចធ្វើវាបាន។
ក្នុងផ្លូវទៅរកភាពជោគជ័យនោះ វាមិនពិបាកដូចអ្វីដែលអ្នកធ្លាប់បានគិតនោះទេ។ តាមពិតទៅផ្លូវដែលត្រូវដើរនោះមានចំនុចផ្សេងៗជាច្រើនទៀត។ តែផ្លូវចិត្តនេះហើយ គឺជាចំនុចខ្លាំងជាងអ្វីៗគ្រប់បែបយ៉ាងទាំងអស់។ ដូចព្រះពុទ្ធអង្គទ្រង់បានត្រាស់ថា ចិត្តគឺជាប្រធាន នៃអ្វីៗគ្រប់បែបយ៉ាងក្នុងជីវិត អ្នកនឹងក្លាយទៅជាអ្វីដែលអ្នកគិត។ ដោយឡែក លោក Napoleon Hill ក៏បានសិក្សាពីចំនុចនេះដែរ ហើយលោកបាននិយាយថា អ្វីក៏ដោយឱ្យតែមនុស្សគិតដល់ មនុស្សសុទ្ធតែអាចសម្រេចវាបាន។ ផ្លូវចិត្តគឺជាកត្តាដែលសំខាន់ ដូច្នេះ អ្នកត្រូវសម្រួចការគិតឱ្យបានមុតស្រួចទៅលើតែគោលដៅរបស់ខ្លួនបានហើយ កុំគិតទៅលើរឿងអវិជ្ជមាន ដែលបង្អាប់ខ្លួនឯងថាអ្នកធ្វើមិនបានឱ្យសោះ។

៤. ត្រូវមានវិន័យផ្ទាល់ខ្លួន
វិន័យគឺជា សមត្ថភាពនៃការគ្រប់គ្រងចិត្តអវិជ្ជមាន និងអាចយកឈ្នះនូវភាពខ្សោយរបស់ខ្លួនបាន។ វិន័យគឺជាចំនុចស្នូលនៃការជំរុញឱ្យមនុស្សបន្តជំហ៊ានទៅមុខប្រកបដោយនិរន្តរភាព។ វិន័យ គឺពិបាកក្នុងការអនុវត្ត ប៉ុន្តែបើអ្នកមានវិន័យក្នុងខ្លួន អ្នកនឹងរស់នៅដោយភាពងាយស្រួលបំផុត។ មនុស្សដែលមានវិន័យផ្ទាល់ខ្លួនមិនប្រាកដថាជាមនុស្សជោគជ័យនោះទេ តែមនុស្សដែលជោគជ័យទាំងអស់សុទ្ធតែជាមនុស្សដែលមានវិន័យផ្ទាល់ខ្លួន។ តើត្រូវធ្វើបែបណាដើម្បីបង្កើត និងរក្សានូវការអនុវត្តវិន័យឱ្យមានប្រសិទ្ធភាពដើម្បីភាពជោគជ័យ?
អ្នកអាចបង្កើតវិន័យផ្ទាល់ខ្លួនដោយបង្កើតទម្លាប់ល្អៗ ហើយអនុវត្តវាឱ្យបានខ្ជាប់ខ្ជួន ទោះបីជានៅក្នុងកាលៈទេសៈបែបណាក៏ដោយ។ ដើម្បីទទួលបានភាពជោគជ័យនៅក្នុងជំនាញរបស់ខ្លួន អ្នកត្រូវមានផែនការនៃការអនុវត្តវិន័យផ្ទាល់ខ្លួនដូចជា៖
១. ផ្តល់សិទ្ធិអទិភាពទៅឱ្យគោលដៅរបស់ខ្លួនជាមុន៖ ខ្ញុំដឹងថា ដើម្បីចិញ្ចឹមក្រពះ អ្នកពិតជាត្រូវបំពេញកិច្ចការងារផ្សេងៗទៀតក្រៅពីការងារគោលដៅរបស់ខ្លួន។ តែទោះបីជាយ៉ាងនេះក្តី អ្នកក៏ត្រូវតែសួរខ្លួនឯងជារឿយៗថា “តើខ្ញុំអាចសម្រេចគោលដៅរបស់ខ្ញុំដោយរបៀបណា? ការសម្រេចបាននូវក្តីសុបិន្តរបស់ខ្លួន គឺជារឿងដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក ដូច្នេះប្រសិនបើការងារដែលអ្នកធ្វើជារៀងរាល់ថ្ងៃនោះមិនទាក់ទងនឹងគោលដៅរបស់ខ្លួនទេ អ្នកត្រូវតែធ្វើការសម្រេចចិត្តទៅលើការជ្រើសរើសការងារសារជាថ្មី។ ប្រសិនបើអ្នកពិតជាមានភាពពុះកញ្ជ្រោលចំពោះគោលដៅរបស់ខ្លួនមែន អ្នកក៏ត្រូវតែកាត់បន្ថយពេលជួបជុំមិត្តភក្តិ ឬការធ្វើរឿងឥតប្រយោជន៍មួយចំនួន ហើយបែរមកផ្តោតទៅលើតែការងារអទិភាពវិញ ទើបជាការប្រសើរ។
២. កុំរង់ចាំទាល់តែមានអារម្មណ៍ល្អទើបចាប់ផ្តើមធ្វើការ៖ ដើម្បីទទួលបានជោគជ័យ អ្នកពិតជាត្រូវការការផ្តោតចិត្តខ្ពស់បំផុត ហើយមិនត្រូវបណ្តែតបណ្តោយឱ្យពេលវេលាកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនបានធ្វើកិច្ចការដែលទាក់ទងនឹងគោលដៅនោះទេ។ ដូច្នេះ ក្នុងខណៈពេលដែលអ្នកកំពុងតែបង្កើតនូវសមត្ថភាពរបស់ខ្លួនក្នុងអាជីវគោលដៅនេះ ប្រាកដណាស់ មានថ្ងៃខ្លះអ្នកក៏សប្បាយចិត្តក្នុងការហ្វឹកហាត់ការងារ តែថ្ងៃខ្លះទៀតបែរទៅជាមិនចង់សូម្បីតែក្រោកពីគេង។ តែទោះបីជាយ៉ាងនេះក្តី អ្នកត្រូវចាំថា មិនថាមានរឿងអ្វីកើតឡើងទេ គ្មានអ្វីអាចបញ្ឃប់អ្នកពីការសម្រេចគោលដៅរបស់ខ្លួនបានឡើយ លើកលែងតែភាពខ្ជិលរបស់អ្នកតែប៉ុន្នោះ។
៣. បង្ខំខ្លួនឯងឱ្យធ្វើការ៖ តើអ្នកចង់លឺខ្លួនឯងនិយាយថា “ទោះបីថ្ងៃនេះធ្វើការមិនបានច្រើនក្តី តែវាប្រសើរជាខ្ញុំមិនបានធ្វើអ្វីទាល់តែសោះ?” ឬក៏ចង់លឺខ្លួនឯងនិយាយថា “ស្តាយណាស់ ថ្ងៃនេះមិនបានធ្វើអ្វីទាល់តែសោះ?” ខ្ញុំបានដើរលើវិថីនេះ ខ្ញុំដឹងច្បាស់ថា ថ្ងៃខ្លះខ្ញុំក៏អស់កម្លាំង បាក់ទឹកចិត្តព្រោះធ្វើមិនបានល្អ ក៏ប៉ុន្តែ បើខ្ញុំនៅតែបណ្តែតបណ្តោយពេលវេលាឱ្យកន្លងទៅមុខដោយគ្មានបានធ្វើសកម្មភាពអ្វីសោះ ខ្ញុំនឹងគ្មានភាពរីកចម្រើននោះទេ ពោលគឺមានតែពាក្យថាស្តាយក្រោយ។ ដូច្នេះ អ្នកក៏ត្រូវតែផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងកាន់តែច្រើនក្នុងការបន្តការងាររបស់ខ្លួនដែរ កុំលួចខ្ជិលឱ្យសោះ។
៤. ត្រូវជឿថា ភាពបរាជ័យមិនមែនជាជម្រើសទេ វាគឺពិតជាកើតឡើងយ៉ាងជាក់លាក់សម្រាប់អ្នកដែលប្រមាថចំពោះការងារ៖ ចង់ការបង្កើតវិន័យផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាព តម្រូវឱ្យអ្នកមានការភ័យខ្លាចចំពោះភាពបរាជ័យយ៉ាងពិតប្រាកដ។ ទោះបីជាមនុស្សជាច្រើនបាននិយាយថា មិនត្រូវខ្លាចភាពបរាជ័យក៏ពិតមែន តែសម្រាប់ខ្ញុំ ខ្ញុំមានទស្សនៈផ្សេង គឺអ្នកត្រូវតែខ្លាចភាពបរាជ័យឱ្យបានខ្លាំងបំផុត ព្រោះបើភាពបរាជ័យអាចធ្វើឱ្យអ្នកឈឺចាប់ពិតប្រាកដមែន អ្នកក៏នឹងព្យាយាមរកវិធីដើម្បីធ្វើកិច្ចការទាំងអស់ឱ្យបានល្អប្រសើរបំផុត។ ហើយនៅពេលដែលអ្នកធ្វើមិនបានល្អ អ្នកត្រូវចេះដាក់ទន្តកម្មឱ្យខ្លួនឯង។
ដកស្រង់ចេញពីសៀវភៅ ជំនាញ ពិធីករ-ពិធីការិនី ដ៏ជោគជ័យក្នុងមួយប៉ព្រិចភ្នែក ដែលនិពន្ធដោយកញ្ញា ឃឹម ណាត់ធីម៉ុន
សម្រាប់ទំនាក់ទំនងបន្ថែម 069 232 258
תגובות