top of page
Search

MC និងយកឈ្នះភាពភ័យខ្លាចក្នុងការនិយាយទៅកាន់ទស្សនិកជន

  • Writer: khimnathymon
    khimnathymon
  • Apr 27, 2020
  • 1 min read

Updated: Dec 21, 2020

MC និងយកឈ្នះភាពភ័យខ្លាចក្នុងការនិយាយទៅកាន់ទស្សនិកជន

នៅពេលដែលអ្នកធ្វើរឿងណាដែលថ្មី ជាលើកដំបូងអ្នកប្រាកដជាមានភាពភ័យខ្លាច។​ តើភាពភ័យខ្លាចគឺជាអ្វី? ភាពភ័យខ្លាចគឺជា អារម្មណ៍ធុញថប់មួយដែលកើតឡើងដូចជាគ្រោះថ្នាក់ រឿងដ៏រន្ធត់ និងភាពឈឺចាប់ បើទោះបីជារឿងអាក្រក់ៗទាំងនោះពិតជាកើតឡើងប្រាកដមែន ឬគ្រាន់តែជាការស្រមើលស្រមៃរបស់អ្នកក៏ដោយ។ បើនិយាយឱ្យចំទៅ ភាពភ័យខ្លាចគឺជាស្ថានភាពមួយដែលអ្នកមានចិត្តមិនហ្នឹងនរក្នុងការប្រឈមមុខ ទោះបីជាអ្នកគួរតែព្រួយបារម្ភ ឬក៏អត់។ ក៏ប៉ុន្តែ ប្រសិនបើអ្នកបានតាំងចិត្ត ហើយត្រៀមខ្លួនរួចជាស្រេចចំពោះស្ថានការណ៍ដែលអ្នកកំពុងប្រឈម អ្នកនឹងមិនមានអារម្មណ៍ភ័យខ្លាចទៀតឡើយ។​

អ្នកខាងក្រោមនេះគឺជាគន្លឹះសំខាន់ចំនួន៤សម្រាប់អ្នកយកទៅអនុវត្តក្នុងអាជីពរបស់ខ្លួន ដើម្បីបំបាត់ភាពភ័យខ្លាច បែមកជាកសាងទំនុកចិត្តរបស់អ្នកឱ្យកាន់តែប្រសើរឡើង៖

១. ស្គាល់ប្រភេទនៃកម្មវិធី និងអ្នកដែលចូលរួម

ក្នុងអាជីព MC​ អ្នកនឹងត្រូវធ្វើការបត់បែនទៅតាមកម្មវិធីផ្សេងៗ ទាំងពាក្យពេច៍ និងឥរិយាបថតម្រូវឱ្យមានការប្រើប្រាស់ឱ្យបានសមស្រប។ ប្រសិនបើកម្មវិធីនោះជាកម្មវិធីបែបសិក្ខាសាលា តាំងពិពណ៌ ឬ Concert អ្នកត្រូវប្រើពាក្យពេច៍ និងតុងនៃការលើកដាក់សម្លេងទៅតាមនោះដែរ។ ប្រសិនបើកម្មវិធីនោះជាកម្មវិធីបែបសាសនា អ្នកក៏ត្រូវប្រើប្រាស់ពាក្យពេច៍ និងកាយវិការឱ្យបានសមស្របទៅតាមនោះដែរ។ ដូច្នេះ ការស្គាល់ប្រភេទនៃកម្មវិធីដែលអ្នកកាន់ វានឹងជួយឱ្យអ្នកអាចរៀបចំខ្លួនបានយ៉ាងល្អប្រសើរ។ អ្នកគួរតែចំណាយពេលវេលាដើម្បីសិក្សាពីប្រភេទនៃកម្មវិធី សិក្សាពីវាគ្មិន គណៈអធិបតីដែលអញ្ជើញចូលរួម ចំនួនអ្នកចូលរួម កម្រិតវប្បធម៌របស់អ្នកចូលរួម និងត្រូវស្រាវជ្រាវរឿងរាវមួយចំនួនទៀតដែលពាក់ព័ន្ធ មុននឹងកម្មវិធីចាប់ផ្តើម។ ការស្រាវជ្រាវនេះនឹងធ្វើឱ្យអ្នករៀបចំខ្លួនបានល្អប្រសើរ។ នៅពេលដែលអ្នកបានស្គាល់ពីអ្នកដែលនឹងចូលរួមក្នុងកម្មវិធីកាន់តែច្រើន អ្នកក៏នឹងមានទំនុកចិត្តនៅក្នុងការនិយាយកាន់តែច្រើនផងដែរ។ ដូច្នេះ ចំនុចបន្ទាប់ទៅទៀតនេះ អ្នកត្រៀមខ្លួនឱ្យបានរួចរាលល់ដោយការហ្វឹកហាត់ជាមុនសិន ក្នុងនាមជា MC មួយរូប។



២. សមមុននឹងឡើងលើវេទិកា

ការអនុវត្ត និងត្រៀមលក្ខណៈជាមុន គឺជារឿងដ៏សំខាន់បំផុត។ ការនិយាយនៅក្នុងវេទិកាមួយ មិនមែនចេះតែនិយាយៗដើម្បីបានលុយនោះទេ។ អ្នកត្រូវតែត្រៀមខ្លួនឱ្យបានល្អ ហើយត្រូវប្រាកដថា អ្នកនឹងត្រូវបានគេជួលឱ្យមកនិយាយម្តងទៀតនៅក្នុងកម្មវិធីក្រោយរបស់គេ។ ដូច្នេះ អ្នកត្រូវតែត្រៀមខ្លួនឱ្យបានល្អបំផុត។ អ្នកត្រូវតែស៊ាំជាមួយនឹងពាក្យពេច៍ដែលខ្លួននឹងត្រូវនិយាយជាមុនសិន មុននឹងឡើងលើវេទិកាផ្ទាល់ បើពុំដូច្នោះទេ អ្នកប្រាកដជាគាំងនិយាយមិនចេញទេ ប្រសិនបើអ្នកមិនបានត្រៀមខ្លួនរួចជាស្រេច។​ ក្នុងការសមនេះ ជាដំបូងអ្នកត្រូវសរសេរពាក្យពេច៍ទាំងអស់ដាក់នៅលើក្រដាស ហើយព្យាយាមទន្ទេញវាឱ្យចាំ។ បន្ទាប់មកអ្នកអាចសមដោយមានការថតជាវីឌីអូផងដែរ ហើយចាក់មើលឡើងវិញ ដើម្បីស្វែងរកនូវចំនុចខ្វះខាតរបស់ខ្លួន រហូតអ្នកអាចធ្វើវាបានប្រសើរឡើង។ ការសមនេះ គឺជាការហ្វឹកហាត់ដ៏សំខាន់ខ្លាំងណាស់។ គ្មាននរណាដឹងថាអ្នកនិយាយខុសប៉ុន្មានដង ហើយគេក៏មិនខ្វល់ថាអ្នកបានធ្វើអ្វីខ្លះ មុននឹងឡើងលើវេទិកានោះដែរ។ ដូច្នេះ ស៊ូនិយាយខុសនៅក្រោយវេទិកា ជាជាងនិយាយខុសនៅលើវេទិកា។ ត្រង់ចំនុចនៃការនិយាយឱ្យបានប្រសើរនេះផងដែរ លោកតាបណ្ឌិត កុល ផេង តែងតែផ្តល់អនុសាសន៍ដល់និស្សិតថា ប្រសិនបើចៅៗចង់និយាយឱ្យបានល្អនៅលើវេទិកា ចៅៗត្រូវតែធ្វើការហាត់សមជាមុនសិន នោះចៅនឹងស្ទាត់ជំនាញជាក់ជាមិនខាន (Practice, Practice, Practice Makes Perfect.)។ ដោយសារតែទទួលបានសារលើកទឹកចិត្តពីលោកតាបណ្ឌិតផ្ទាល់ សម្រាប់ខ្ញុំ មុននឹងឡើងលើវេទិការម្តងៗ ខ្ញុំតែងតែហាត់សមនៅផ្ទះមិនក្រោម៣០ដងទេ ព្រោះខ្ញុំចង់ធ្វើឱ្យបានល្អបំផុតសម្រាប់អាជីពរបស់ខ្ញុំ។ ខ្ញុំពិតជាត្រូវការផែនទីគំនិត ហើយត្រូវការការត្រៀមខ្លួនឱ្យបានល្អមុននឹងឡើងលើវេទិការ។ ថ្ងៃណាដែលខ្ញុំ បួងសួងឱ្យឆាប់ដល់ថ្ងៃកម្មវិធី ថ្ងៃនោះហើយជាថ្ងៃដែលខ្ញុំមានទំនុកចិត្តខ្លាំងបំផុត។ ត្រង់ចំនុចនេះ អ្នកក៏អាចយកទៅអនុវត្តបានដែរ គឺថា បើអ្នកត្រៀមខ្លួនបានកាន់តែច្រើនប៉ុណ្ណា អ្នកក៏នឹងមានទំនុកចិត្តខ្លាំងយ៉ាងនោះដែរ។

៣. ស្នើសុំមតិកែរលម្អរ

​ប្រសិនបើអ្នកទើបតែចាប់ផ្តើមអាជីពនេះជាលើកដំបូង អ្នកគួរតែរកមនុស្សម្នាក់ដើម្បីជួយកែរលម្អនូវចំនុចខ្វះខាតរបស់អ្នក ដោយសុំឱ្យគេដើរតួជាទស្សនិកជន ឬក៏ជាទីប្រឹក្សារបស់អ្នក។ អ្នកនឹងអាចក្លាយជា MC ដ៏ល្អម្នាក់ ប្រសិនបើអ្នករកបានមនុស្សដែលពូកែចាប់នូវចំនុចខ្វះខាតរបស់អ្នក។ មានតែអ្នកដទៃទេ ទើបដឹងថាតើអ្នកមានចំនុចខ្វះខាតត្រង់ណាខ្លះ។

ចាត់ទុកជាភ័ព្វសំណាងមួយនៅក្នុងជីវិតរបស់ខ្ញុំដែរ ដែលខ្ញុំមានប្អូនស្រីម្នាក់តែងតែចាំជួយផ្តល់មតិកែលម្អដល់ខ្ញុំ។ ខ្ញុំតែងតែសុំឱ្យប្អូនស្រីរបស់ខ្ញុំផ្តល់យោបល់ឱ្យខ្ញុំចំពោះកាយវិការ និងការលើកដាក់សម្លេងរបស់ខ្ញុំ។ ជាទូទៅ នាងតែងមិនសូវពូកែក្នុងការផ្តល់យោបល់អ្វីនោះទេ ក៏ប៉ុន្តែនាងអា​ចដឹងថា បើខ្ញុំធ្វើបានល្អ ហើយអាចទទួលយកបាន នាងនឹងថាល្អហើយ។ តែបើមិនល្អ នាងគ្រាន់តែនិយាយថា ដូចជាយ៉ាងម៉េចៗទេនៅត្រង់ចំនុចនេះ​ ចំនុចនោះ។ ហើយខ្ញុំគ្រាន់តែកែលម្អទៅតាមចំនុចដែលនាងប្រាប់ ខ្ញុំក៏មានអារម្មណ៍ថា ខ្ញុំពិតជាធ្វើបានល្អជាងមុនប្រាកដមែន។

តាមពិតទៅ អ្នកមិនចាំបាច់មានមនុស្សដែលជាអ្នកជំនាញក្នុងអាជីព MC មកកែលម្អអ្នកទេ អ្នកគ្រាន់តែរកមនុស្សម្នាក់ដែលស្មោះត្រង់នឹងអ្នក ហើយចង់ឱ្យអ្នកទទួលបានជោគជ័យយ៉ាងពិតប្រាកដ មកជួយអ្នក នោះទើបជាការចាំបាច់។ ទន្ទឹមនឹងនោះដែរ អ្នកក៏ត្រូវសិក្សាពីរៀមច្បងក្នុងអាជីពដូចគ្នាដែរ។

៤. មើល MC ផ្សេង

ទម្លាប់នៃការរៀនសូត្រពីអ្នកដទៃ គឺជាទម្លាប់មួយដ៏ល្អបំផុត។ ការសិក្សាពីបទពិសោធន៍របស់អ្នកដទៃនឹងអាចជួយឱ្យអ្នកអភិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័ស។ ការសិក្សាពីអ្នកដទៃ គឺត្រូវសិក្សាទាំងចំនុចល្អ និងចំនុចខ្វះខាត។ អ្នកនឹងអាចជាសវៀងនូវចំនុចមិនល្អមួយចំនួន ប្រសិនបើអ្នកបានសិក្សាពីចំនុចខ្វះខាតរបស់អ្នកដទៃ។ ប្រសិនបើអ្នកពិតជាស្រឡាញ់ជំនាញនេះមែន សូមចំណាយពេលឱ្យបានច្រើនក្នុងការស្តាប់ និងសិក្សាពីរៀមច្បងដែលបានដើរលើវិថីនេះ។ តែសូមកុំព្យាយាមចម្លងស្តាយរបស់គេ​ទាំងស្រុង ព្រោះវានឹងធ្វើឱ្យទស្សនិកជនមើលទៅអ្នកហាក់ដូចជាឆ្គងៗមិនសមទាល់តែសោះ។ ដូច្នេះ អ្នកត្រូវតែប្រើសម្លេងធម្មជាតិ ស្តាយធម្មជាតិរបស់ខ្លួន ទើបមើលទៅមានលក្ខណៈពិសេសខុសពីអ្នកដទៃ។ ប្រសិនបើអ្នកកាន់តែរៀនសូត្រពីអ្នកដទៃ អ្នកក៏កាន់តែកាត់បន្ថយភាពភ័យខ្លាចនៅពេលដែលអ្នកឡើងលើវេទិកាផងដែរ។

នៅក្នុងមេរៀននេះ អ្នកបានសិក្សាពីការយកឈ្នះភាពភ័យខ្លាចក្នុងការនិយាយទៅកាន់ទស្សនិកជនរួចហើយ អ្នកគួរយកវាទៅអនុវត្តប្រកបដោយភាពច្នៃប្រឌិត។​ ដើម្បីបន្ថែមទៅលើចំនុចនេះផងដែរ ចំនុចបន្ទាប់ អ្នកនឹងសិក្សាអំពីតួនាទីសំខាន់ៗនៃអាជីព MC ។​


ដកស្រង់ចេញពីសៀវភៅ ជំនាញ ពិធីករ-ពិធីការិនី ដ៏ជោគជ័យក្នុងមួយប៉ព្រិចភ្នែក ដែលនិពន្ធដោយកញ្ញា ឃឹម ណាត់ធីម៉ុន

សម្រាប់ទំនាក់ទំនងបន្ថែម 069 232 258

 
 
 

Comments


069232258

©2020 by Hostyourevent. Proudly created with Wix.com

bottom of page